L.Y.P គ្រោង​សង់​ទីក្រុង​ចិន​មួយ​នៅ​កម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុន L.Y.P group របស់​លោក លី យ៉ុងផាត់ នឹង​ចុះ​ហត្ថលេខា​លើ​គម្រោង​វិនិយោគ ១ ៥០០ លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ចិន China Minsheng Investment (CMIG) នៅ​ដើម​ខែ​ក្រោយ ដើម្បី​ចូលរួម​បង្កើត​ទីក្រុង​មិត្តភាព​កម្ពុជា​ចិន​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្រុមហ៊ុន L.Y.P Group​។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​បាន​អះអាង​ថា គម្រោង​ដ៏​មហិមា​នេះ​ទំនង​ជា​ពិបាក​នឹង​ទៅ​រួច​ណាស់​បើ​គិតពី​ទំហំ​ទីផ្សារ​ដ៏​តូច​ដូច​កម្ពុជា​នេះ​។

លោក លី យ៉ុងផាត់ ប្រធាន​ក្រុមហ៊ុន L.Y.P Group បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ តាម​ទូរស័ព្ទ​ថា ទីក្រុង​មិត្តភាព​កម្ពុជា ចិន​នឹង​ត្រូវបាន​សាងសង់​ឡើង​លើ​ផ្ទៃដី​ប្រហែល​ ​៥៥០ ​ហិកតា​នៅ​ក្នុង​ដំណាក់​កាល​ដំបូង ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លោក ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​ភាគ​កណ្ដាល​ទីក្រុង​ភ្នំពេញ​។

​លោក​បាន​ថ្លែង​ដោយ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា​៖ «​វា​ជា​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​របស់​យើង​និង​ក្រុមហ៊ុន CMIG »​។

លោក​បន្ត​ថា​៖ «​បន្ទាប់​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច យើង​នឹង​ពិភាក្សា​កាន់​តែ​ស៊ី​ជម្រៅ​លើ​គម្រោង​វិនិយោគ​នេះ​»​។

តាម​លោក លី យ៉ុងផាត់ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី​១​ខែ​ធ្នូ ក្នុង​អំឡុង​វេទិកា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​។

ទោះ​បី​ជា​លោក យ៉ុងផាត់ មិន​អាច​បង្ហាញ​ទុនវិនិយោគ និង​កាល​បរិច្ឆេទ​ចាប់​ផ្ដើម​គម្រោង​នេះ​ក៏​ដោយ លោក សេង ញ៉ក់ នាយក​ក្រុមហ៊ុន LYP Group និង​ជា​កូន​ប្រសា​លោក យ៉ុង​ផាត់ បាន​ថ្លែង​នៅ​ក្នុង​ទូរទស្សន៍ PNN ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន LYP ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​មិត្តភាព​កម្ពុជា​ចិន នេះ​នឹង​ចាប់​ផ្តើម​សាងសង់​នាពេល​ឆាប់ៗ​ខាង​មុខ គម្រោង​វិនិយោគ​មាន​ទឹក​ប្រាក់​ប្រហែល ១ ៥០០ លាន​ដុល្លារ​។ ក្នុង​នោះ​មាន​គម្រោង​ច្រើន​ដែល​មាន​សាលារៀន កន្លែង​តាំង​ពិព័រណ៍ មាន​ឡូជី​ស្ទីក​សេន​ធឺរ ទីផ្សារ​ទំនើប និង​គម្រោង​វិនិយោគ​ជាច្រើន​ទៀត​។

លោក​បន្ថែម​ថា ទីក្រុង​ថ្មី​នេះ​នឹង​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន LYP ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​ ២ ០០០ ​ហិកតា ។​

​ភ្នំពេញ​ ប៉ុស្ដិ៍​ មិនអាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​តំណាង​មកពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លើ​គម្រោង​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ​។​

​លោក ងួន ម៉េង​តិច អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា ស្នើ​សុំ​មិន​ផ្ដល់​ការ​អត្ថាធិប្បាយ​ណា​មួយ​អំពី​កិច្ច​ព្រម​ព្រៀង​របស់​ក្រុមហ៊ុន LYP Group និង​ក្រុមហ៊ុន CMIG ប៉ុន្តែ លោក​បាន​បញ្ជាក់ថា មាន​ក្រុម​គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​ចិន​នឹង​មក​ដល់​កម្ពុជា​ដើម្បី​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១​ខែ​ធ្នូ ដែល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ត្រូវបាន​រំពឹងថា​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​។

យោង​តាម​លោក ម៉េង​តិច ក្រុមហ៊ុន​អន្តរជាតិ​ឯកជន​ចិន CMIG នឹង​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​គណៈប្រតិភូ​នេះ។

ទំនាក់​ទំនង​ទ្វេ​ភាគី​កម្ពុជា​ចិន​បាន​ទទួល​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ​នៅ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​។ ប្រទេស​ចិន​ គឺជា​ប្រភព​ឈានមុខ​គេ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI) និង​ជា​ប្រទេស​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​និង​កម្ចី​ការ​ប្រាក់​ទាប​ឈាន​មុខ​គេ​ដល់​កម្ពុជា​។

យោង​តាម​ការ​រក​ឃើញ​នៃ​ការ​អង្កេត​ដ៏​ទូលំ​ទូលាយ​លើ FDI ធ្វើ​ឡើង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC)​ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ​(NIS) ចិន​ជា​ប្រទេស​វិនិយោគ​ធំ​ជាង​គេ​នៅក្នុង​ប្រទេស​ កម្ពុជា ដែល​មាន​ចំនួន​រហូតដល់​៤៤​ភាគរយ​នៃ​ការ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​ទឹក​ប្រាក់​ ១៩,២​ ពាន់​លាន​ដុល្លារ គិតពី​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ​ ២០១៤​។

លោក ដាវីដ វ៉ាន់ នាយក​គ្រប់គ្រង​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន Bower Group Asia បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​សាងសង់​ទីក្រុង​មិត្តភាព​ កម្ពុជា-​ចិន ​នេះ​កំពុង​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​លោក​លើក​ឡើង​ថា គម្រោង​វិនិយោគ​តម្លៃ​ ១,៥ ​ពាន់​លាន​ដុល្លារ​គឺ​ធំ​ពេក​ដែល​នឹង​ពិបាកធ្វើ​ឲ្យ​ក្លាយជា​ការ​ពិត​បាន​ដោយ​សារ​តែ​គម្រោង​វិនិយោគ​ធំ​ដូច​នោះ​មិន​ទាន់​សម​សម្រាប់​ទីផ្សារ​តូច​ដូចជា​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។

លោក​លើក​ឡើង​ថា​៖ «​ប្រទេស​កម្ពុជា​មិន​ទាន់​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​គម្រោង​ដ៏​ធំ​ប្រភេទ​នេះ​នៅឡើយ​ទេ ដោយ​សារ​តែ​សង្គម​របស់​អ្នក​ប្រើប្រាស់​មិន​ទាន់​ទំនើប​ដូច​នោះទេ​»​។

លោក​បាន​ចោទ​ជា​សំណួរ​ថា​៖«​ប្រសិន​បើ​វា​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ជនបរទេស តើ​ជន​បរទេស​ប៉ុន្មាន​ដែល​ធ្វើ​ការងារ និង​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាចជា​អតិថិជន​នៅ​ក្នុង​គម្រោង​នេះ​?»​។

លោក ដា​វីដ បាន​រំឭកថា មាន​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​ដែល​ប្ដេជ្ញា​ចិត្ត​ជាមួយនឹង​ការ​វិនិយោគ​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​មិន​ទាន់​មាន​សកម្មភាព​នៅ​ឡើយ​៕ LA

10-lyp