កូរ៉េ ផ្ដល់ ជំនួយ ២ពាន់លាន ដុល្លារ សង់មន្ទីរពេទ្យ និង សាកលវិទ្យា ល័យពេទ្យ

កូរ៉េខាងត្បូងគ្រោងនឹងផ្តល់ជំនួយ២០០០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់សាងសង់​មន្ទីពេទ្យ​និងសាកល​វិទ្យាល័យពេទ្យខ្នាតអន្តរជាតិនៅក្រុងតាខ្មៅ នេះបើតាមមន្ទីរសុខាភិបាលខេត្តកណ្តាល។

កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០១៧ ក្រុមហ៊ុន GMG Global Digital Media Group Co,.Ltd​របស់កូរ៉េខាងត្បូង បានចុះអនុស្សរណៈ​ជាមួយ​មន្ទីសុខាភិបាលខេត្តកណ្តាលក្នុងទំហំទឹក​ប្រាក់២០០០​លាន​ដុល្លារអាមេរិក​ ដើម្បី​សាងសង់​មន្ទីពេទ្យ និងសាកលវិទ្យាល័យពេទ្យខ្នាតអន្តរជាតិ​ក្រុងតាខ្មៅ។

លោកស្រី Yoo Rina អគ្គនាយិកាក្រុមហ៊ុនGMG ដែលជាម្ចាស់គម្រោងសាងសង់មន្ទីរពេទ្យខាងលើបានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យនេះគឺ ដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាពខ្ពស់ប្រកប​ដោយជំនាញវិជ្ជាជីវះដូចបណ្ដារប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន។

លោកស្រីបន្ថែមថា ក្រៅពីការសាងសង់មន្ទីរពេទ្យនិងសាកលវិទ្យាល័យពេទ្យនេះក្រុមហ៊ុន ក៏នឹងផ្តល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្តផ្គត់ផ្គង់មន្ទីរពេទ្យ រួមនឹងការផ្តល់វេជ្ជបណ្ឌិតជំនាញមកព្យាបាលជំងឺ ដល់ប្រជាជនកម្ពុជា ឱ្យបានល្អប្រសើរដូចបណ្តារប្រទេសក្នុងអាស៊ានផងដែរ។

លើសពីនេះទៅទៀត លោកស្រីក៏នឹងផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រសើរឡើងទ្វេដង។

គួរបញ្ជាក់ផងដែរថាគម្រោងសាងសង់មន្ទីរពេទ្យនេះ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់នៅដើមខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២០ហើយនឹងដាក់ឱ្យដំណើរការនៅអំឡុងឆ្នាំ២០២០ផងដែរ៕

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ16176780_1914161082194204_1824495297_n